Sunday, 13 November 2016

អ្នកដែលចង់ក្លាយជាអ្នកដឹកនាំគួរអានអត្ថបទនេះ!

ដោយ៖ វណ្ណ ប៊ុនណា


ភាពជាអ្នកដឹកនាំ ឬ Leadership វាគឺជាសិល្បៈឬសមត្ថភាពនៃការដឹកនាំក្រុមមនុស្សក៍ដូចជាស្ថាប័នមួយ ដើម្បីសម្រេចឲ្យបានលទ្ធិផលក៍ដូចជាគោលដៅរួមមួយ។ ជាទូទៅ ភាពជាអ្នកដឹកនាំវាមិនមែនកើតឡើងដោយឯងៗ ឬក៍ចេញពីកំណើតរបស់មនុស្សស្រាប់នោះទេ តែវាកើតចេញពីការសិក្សារៀនសូត្រ ចំណេះដឹង និងបទពិសោធន៍នៃជីវិត។ 

អ្នកដឹកនាំល្អគឺជាអ្នកមានទស្សនៈវែងឆ្ងាយប្រកបកដោយភាពប្រាកដប្រជានិងមើលឃើញជាក់ច្បាស់នូវឧបសគ្គទាំងឡាយសម្រាប់ថ្ងៃអនាគត។​ មួយវិញទៀត អ្នកដឹកនាំល្អគឺជាអ្នកបង្ហាញនូវភាពជាគំរូតាមរយៈសកម្មភាពផ្សេងៗរបស់គេ ហើយរាល់ទង្វើនិងពាក្យសម្តីរបស់គេនិមួយៗគឺការផ្តល់ឲ្យពលរដ្ឋឬអ្នកនៅក្រោមឪវាទរបស់គេនូវសេចក្តីសុប្តិននិងសេចក្តីសង្ឃឹមនៅក្នុងជីវិត។

ពេរីគ្លែស (Pericles) រដ្ឋបុរសដ៍ល្បីល្បាញរបស់ក្រិកសម័យបុរាណ

ជាក់ស្តែង នៅក្នុងសុន្ធរកថារបស់រដ្ឋបុរសក្រិកដ៍ល្បីល្បាញម្នាក់ឈ្មោះ
ពេរីគ្លែស Pericles” កាលពីប្រមាណជាជិត២ពាន់៥រយឆ្នាំមុន បានថ្លែងថា៖​

របបនយោបាយរបស់យើងគឺជាគំរូដល់អ្នកដទៃ។ សម្រាប់ប្រទេសរបស់យើង រដ្ឋធ្វើការដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើន​ មិនមែនសម្រាប់ផលប្រយោជន៍របស់មនុស្សមួយក្តាប់តូចនោះទេ។ ដូ​ច្នេះហើយបានជាយើងហៅរបបនយោបាយនេះថាជារបបប្រជាធិបតេយ្យ។ ប្រជាជនទាំងអស់មានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។ ច្បាប់ដែលការពារអ្នកទន់ខ្សោយ។

ជាការពិតថា អ្វីៗមិនអាចស្ថិតនៅជាអមតៈបាននោះទេ។​ ថ្ងៃណាមួយ​ប្រជាជាតិយើងនឹងត្រូវបានធ្លាក់ចុះទន់ខ្សោយ។​ ក៍ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៍ដោយ អស់លោកអ្នកដែលរស់នៅក្នុងសម័យកាលរាប់សតវត្សរ៍ ទៅថ្ងៃអនាគតអាចនឹងនិយាយពីពួកយើងថា ពួកយើងបានបង្កើតបុរីដ៍ល្បីល្បាញ និងប្រកបដោយសុភមង្គលបំផុត។

ជិត២៥សតវត្សរ៍ក្រោយកម យើងអាចនិយាយបានថា  អ្វីដែល Pericles បានប្រមើលមើលខាងលើនេះ ពិតជាបានកើតឡើងមែន។ គោលគំនិតរួមនៃប្រជាធិបតេយ្យក្រិក គឺគោលការណ៍យកប្រជាជនជាធំ(រដ្ឋាភិបាលរបស់រាស្រ្ត ជ្រើសរើសដោយរាស្រ្ត និងដើម្បីរាស្រ្ត) គឺជាគោលការណ៍ដែលមានឥទ្ធិពលខ្លាំងបំផុត នៅក្នុងគំនិតនយោបាយសម័យកាលបច្ចុប្បន្ន​។​

ឆ្លងតាមរយៈទឡ្ហីករណ៍ខាងលើនេះ វាជាក់ច្បាស់បង្ហាញឲ្យឃើញថាអ្នកដឹកនាំល្អដូចជាលោក ពេរីគ្លែស គឺជាអ្នកដឹកនាំម្នាក់ដែលមានទស្សនៈវែងឆ្ងាយប្រកបកដោយភាពប្រាកដប្រជានិងមើលឃើញជាក់ច្បាស់នូវឧបសគ្គទាំងឡាយសម្រាប់ថ្ងៃអនាគត។​ ជាពិសេសជាងនេះទៅទៀតនោះ​ លោកបានបង្ហាញនូវភាពជាគំរូតាមរយៈការផ្តល់ឲ្យពលរដ្ឋរបស់គាត់ នូវសេចក្តីសុប្តិននិងសេចក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគតនៅក្នុងជីវិត។

No comments: