Monday, 7 November 2016

យុវជនរួមគ្នាធ្វើសកម្មភាពដើម្បីលើកកម្ពស់ការអាន


ក្រុមយុវជនជានិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ មានគ្នាចំនួន៦នាក់ ក្រោមការសហការណ៍ជាមួយសាលាអន្តរជាតិរចនា ​ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បាន​ធ្វើសកម្មភាពផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីការអានដល់សិស្សានុសិស្សប្រមាណជាង៥០នាក់​ ២៧នាក់ជាស្រ្តី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងសារៈសំខាន់នៃការអានព្រមទាំងលើកទឹកចិត្តសិស្សានុសិស្សឲ្យស្រលាញ់ការអានកាន់តែច្រើន





កញ្ញា ឆិល​ ផលធីតា ជាតំណាងក្រុមនិស្សិតបានឱ្យដឹងថា បន្ទាប់ក្រុមរបស់កញ្ញាបានទទួល​ការបណ្តុះបណ្តាលពីវិទ្យាស្ថាន Enrich ពីការអនុវត្តគម្រោង ក្រុមកញ្ញាបានសម្រេចចិត្ត ជ្រើសរើសធ្វើគម្រោងដែលទាក់ទងទៅនឹងការលើកម្ពស់នៃការអាន ព្រោះកញ្ញយល់ថា សមត្ថភាពនៃការអានរបស់សិស្សនូវមានកម្រិត ផ្អែកទៅលើការពិតដែលថាទម្លាប់នៃការអានមិនត្រូវបានឲ្យតម្លៃខ្ពស់និងបណ្តុះគ្រាប់ពូជជាប់នៅក្នុងផ្នត់គំនិតរបស់ពួកគេ ហើយម្យ៉ាងវិញទៀតពួកគេពុំបានអានឲ្យបានច្រើនតាមដែលកម្រិតសិក្សារបស់ខ្លួន ។ មិនតែប៉ុណ្ណោះ យើងក៏អាចមើលឃើញពីកង្វះខាតសៀវភៅ និងសម្ភារៈអំណានសម្រាប់ជាជំនួយស្មារតីរបស់សិស្សផងដែរ។ អាស្រ័យហេតុនេះហើយ យោងទៅតាមទស្សនៈ «អ្នកអានសម្រាប់ថ្ងៃអនាគត» ក្រុមកញ្ញាមានក្តីសោមនស្សនៅក្នុងការ ផ្សព្វផ្សាយចំណេះដឹងលើកម្ពស់តម្លៃនៃការអាន។





គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនេះក្រុមនិស្សិតបានធ្វើការណែនាំពីរបៀបអានសៀវភៅ​ក៏ដូចជាបានផ្តល់ជាសៀវភៅនិងសម្ភារៈសិក្សាមួយចំនួនទៀតដល់សិស្សដែលបានចូលរួមផងដែរ៕

No comments: