ដោយ វណ្ណ ប៊ុនណា
វិបត្តិនយោបាយកំពុងទាញទម្លាក់ប្រទេសភូមាឲ្យផុងធ្លាប់ជ្រៅក្នុងស្ថានភាពវឹកវរធ្ងន់ធ្ងរ។ ទោះមានការថ្កោលទោស និងដាក់ទណ្ឌកម្មពីសហគមអន្តរជាតិយ៉ាងណាក្តី ក៏ពួកយោធាហាក់មិនបានបន្ធូរដៃក្នុងការប្រើធម៌ក្តៅដើម្បីបង្ក្រាបក្រុមបាតុករនោះទេ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៣មេសា មានបាតុករយ៉ាងហោច ៧១០នាក់បានស្លាប់ ដោយការបាញ់រះ និងផ្លោងគ្រាប់រ៉ូកែតរបស់ពួកកងទ័ព និងមានអ្នកត្រូវបានចាប់ខ្លួនបានកើនឡើងរហូតដល់ ៣០៨០នាក់។ ប្រជាពលរដ្ឋជាច្រើននាក់ទៀត បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃនឹងឥណ្ឌាថែមទៀត។
ស្ថិតក្នុងស្ថានភាពដ៏អាក្រក់នេះ ប្រជាពលរដ្ឋភូមាកំពុងស្រែកដង្ហើយហៅឲ្យសហគមអន្តរជាតិរួបរួមគ្នាដើម្បីជួយសង្រ្គោះប្រទេសខ្លួន ខណៈពួកគេកំពុងបន្តតស៊ូបាតុកម្មប្រឆាំងនឹងរបបសឹកទូទាំង។ ស្របពេលជាមួយគ្នានោះ ពួកយោធោក៏នៅបន្តការបង្ក្រាបយ៉ាងចាស់ដៃទៅលើពួកគេ។ ដូច្នេះ តើអ្វីទៅអាចជាសេណារីយ៉ូ (ភាពដែលអាចកើតមាន) សម្រាប់ដំណោះស្រាយក្នុងវិបត្តិនយោបាយក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ?
មកដល់ពេលនេះ គ្មាននណាម្នាក់អាចដឹងច្បាស់ឡើយថា តើមានមធ្យោបាយអ្វីឲ្យពិតប្រាកដដើម្បីដោះស្រាយបញ្ហានៅភូមានេះបាន។ ទោះដូច្នេះក៏ដោយ គេអាចទាញជាសេណារីយ៉ូបាន សម្រាប់ព្យាករពីលទ្ធភាពមួយចំនួននៅក្នុងដោះស្រាយវិបត្តិនយោបាយនៅភូមា។ ដូច្នេះ ខ្ញុំសូមលើយកសេណារីយ៉ូចំនួន៥ ដែលអាចនឹងកើតឡើង និងផលវិបាករបស់វាមកពិភាក្សានៅក្នុងផ្លូវទៅរកដំណោះស្រាយវិបតិ្តដ៏ក្តៅគគុកមួយនេះ។ បញ្ហានេះអាចនឹងឈានដល់ដំណោះស្រាយបានលុះត្រាតែ៖
ទី១ ពួកយោធាយល់ព្រមប្រគល់ដំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) វិញ ព្រោះដោយរងសម្ពាធពីការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋភូមានិងគំនាបទណ្ឌកម្មខ្លាំងពីសហគមន៍អន្តរជាតិ។
ទី២ ប្រជាពលរដ្ឋភូមាព្រមទទួលស្គាល់ការដឹកនាំរបស់របបសឹក ព្រោះអស់ជម្រើសក្នុងការតស៊ូជាមួយពួកយោធា។
ទី៣ ប្រជាពលរដ្ឋរួមកម្លាំងគ្នាជាមួយនឹងក្រុមឧទ្ទាមប្រដាប់អាវុធ ជនជាតិភាគតិចនានានៅភូមាធ្វើសង្រ្គាមស៊ីវិល វាយយកឈ្នះលើពួកយោធា។
ទី៤ មានការអន្តរាគមន៍យោធាពីបរទេស ដើម្បីផ្តួលរំលំរបបសឹកសម្រាប់បញ្ឈប់ការកាប់សម្លាប់ពលរដ្ឋភូមា។
និង ទី៥ មានការចរចានយោបាយ រវាងភាគីយោធា និង រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយមានការសម្របសម្រួលពីសហគមន៍អន្តរជាតិជាពិសេសអាស៊ាន។
បើទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងសេណរីយ៉ូនីមួយៗសុទ្ធសឹងតែមានផលវិបាករបស់វាសម្រាប់ឈានទៅដល់ការសម្រេចបាននូវដំណោះស្រាយច្បាស់លាស់ពិតប្រាកដមួយ។
ជាក់ស្តែង នៅក្នុងសេណារីយ៉ូទី១ ពួកយោធាភូមាមើលទៅមិនងាយនឹងត្រឡប់ក្រោយ ប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី វិញឡើយ បើទោះបីខ្លួនមានសម្ពាធពីការតវ៉ាប្រឆាំងរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ និងទទួលរងទណ្ឌកម្មពីសហគមអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងសហភាពអឺរ៉ុបជាដើមយ៉ាងណាក្តី។ គេត្រូវដឹងថា នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ពួកយោធាដែលទទួលរងទណ្ឌកម្មពីសហគមអន្តរជាតិ និងការបាតុកម្មតវ៉ាប្រឆាំងពីពលរដ្ឋភូមានោះ។ ក្រុមយោធាធ្លាប់បានគ្រប់គ្រងប្រទេសភូមាដោយប្រើកណ្តាប់ដៃដែកអស់រយៈជាងកន្លះសតវត្សមកហើយ ចាប់តាំងពីខ្លួនបានធើ្វរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ១៩៦២មកម្លេះ។ បើទោះបីជាពួកយោធាត្រូវបានដាក់ឲ្យនៅឯកា និង ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមអន្តរជាតិដែលនាំមុខដោយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី ក៏របបសឹកភូមានៅបន្តក្តោបក្តាប់អំណាចអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០១១ ទើបមានការធ្វើកំណែទម្រង់នយោបាយនិងបើកប្រទេសទៅរកពិភពលោកខាងក្រៅវិញ។ ពួកយោធាក៏ធ្លាប់បង្ក្រាបយ៉ាងឃោឃៅព្រៃផ្សៃ ទៅលើក្រុមបាតុករជាច្រើនលើកច្រើនសារ ជាក់ស្តែងដូចជាការបង្រ្កាបក្រុមបាតុករក្នុងការតវ៉ាឆ្នាំ១៩៨៨ និង២០០៧ ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ តាមរយៈបទពិសោធន៍ដ៏ក្រាស់ក្រែលក្នុងការបង្ក្រាបក្រុមបាតុករ និងធ្លាប់រស់នៅក្រោមទណ្ឌកម្មរបស់សហគមអន្តរជាតិកន្លងមក ក្រុមយោធាភូមានឹងមិនងាយចុះចាញ់ ឫប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលនោះឡើយ។ នេះដូចអ្វីដែលអគ្គមេបញ្ជាការងកងទ័ពភូមាលោក Soe Win បាននិយាយថា៖ «យើង [ក្រុមយោធា] ធ្លាប់ទទួលរងទណ្ឌកម្ម ហើយយើងនៅតែអាចរស់បាន។ យើងត្រូវតែរៀនដើរជាមួយមិត្តភកិ្តដែលមានតិចតួច [នៅពេលរបបសឹកភូមាអាចនឹងត្រូវដាក់ឲ្យនៅស្ថានភាពឯកាម្តងទៀត]»។ ដូច្នេះ សេណារីយ៉ូទី១ហាក់ដូចពិបាកនឹងកើតមានឡើងណាស់។
ងាកទៅមើលសេណារីយ៉ូទី២វិញ ស្ថានភាពនៅភូមាអាចនឹងមានភាពធូរស្រាលប្រសិនបើប្រជាពលរដ្ឋជាពិសេសក្រុមបាតុករព្រមទទួលយកការដឹកនាំរបស់របបសឹក ដោយខ្លួនអស់ជម្រើស។ ប៉ុន្តែសំណួរសួរថា តើប្រជាពលរដ្ឋភូមាព្រមលះបង់ការតស៊ូរបស់ខ្លួន ហើយត្រឡប់ទៅរស់នៅក្រោមការដឹកនាំផ្តាច់ការរបស់ពួកយោធាវិញដែរឫទេ? ចម្លើយគឺវាមិនងាយនោះទេ។ ជាក់ស្តែងបើទោះបីជាមានការបាញ់សម្លាប់ក្រុមបាតុករស្លាប់អស់ជាច្រើនរយនាក់ និងមានការចាប់ខ្លួនអ្នកតវ៉ាជាច្រើនពាន់នាក់ ក៏សន្ទុះនៃការតវ៉ាប្រឆាំងនឹងពួកយោធាហាក់មិនថមថយ ហើយថែមទាំងរីករាលដាលទៅវិញ។ ជាក់ស្តែង បាតុករម្នាក់បាននិយាយថា៖ «ខ្ញុំមិនសង្ឃឹមឡើយថាពួកយោធានឹងបោះបង់ទង្វើរបស់ពួកគេ តែយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថា យើងនឹងប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់»។
មួយវិញទៀត ក្រុមបាតុករបានចាប់ផ្តើមមានចរនាសម្ព័ន្ធដឹកនាំកើតចេញជារូបរាង ក្រោយមានការបង្កើតរដ្ឋាភិបាលស្រមោលមួយឈ្មោះថា គណៈកម្មាធិការតំណាងសភា Pyidaungsu Hluttaw (CRPH) ដែលបង្កើតឡើងដោយក្រុមអតីតតំណាងរាស្រ្តនិងអ្នកនយោបាយរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ដូចនេះ ជាមួយនឹងការដឹកនាំសម្របសម្រួលដោយគណៈកម្មាធិការនេះ បូករួមជាមួយនឹងការគាំទ្រដោយកងកម្លាំងប្រដាប់អាវុធរបស់បណ្តាជនជាតិភាគតិចនៅភូមាផង ពលរដ្ឋភូមាអាចនឹងមិនងាយចុះចាញ់ពួកយោធា ឫក៏អនុញ្ញាតឲ្យក្រុមយោធាអាចកាន់អំណាចបានងាយស្រួលនោះទេ ដែលនេះជាហេតុធ្វើឲ្យសេណារីយ៉ាទី២ អាចនឹងពិបាកនឹងកើតមានឡើង។
ចុះសេណារីយ៉ូទី៣វិញ តើវាមានទិដ្ឋភាពយ៉ាងណាដែរ? នៅក្នុងសេណារីយ៉ូនេះ ដំណោះស្រាយអាចកើតមានបាន លុះតែមានសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំកើតឡើង ដោយមានការរួបរួមកម្លាំងគ្នាពីពលរដ្ឋភូមានិងចលនាទ័ពព្រៃជនជាតិភាគតិច ច្បាំងយកឈ្នះពួកយោធា។
កន្លងមក ក្រុមបាតុករនិង រដ្ឋាភិបាលស្រមោលភូមាបានអំពាវនាវឲ្យក្រុមឧទ្ធាមប្រដាប់អាវុធជនជាតិភាគតិច ដែលតែងតែធ្វើការប្រឆាំងនឹងរដ្ឋាភិបាលភូមាជាពិសេសពួកយោធា ឲ្យមកចូលរួមជាមួយខ្លួន ដើម្បីប្រយុទ្ធតតាំងជាក្រុមយោធា។ ជាការឆ្លើយតប ក្រុមឧទ្ទាមប្រដាប់អាវុធ ជនជាតិភាគតិចការ៉េន និងក្រុមជនជាតិសាន បានប្រកាសគាំទ្រចូលរួមជាមួយចលនាបាតុកម្មដើម្បីប្រឆាំងនឹងរបបសឹកភូមា។ ស្ថិតនៅក្នុងគន្លងនេះ ភូមាបាននឹងកំពុងឈានជើងចូលទៅក្នុងសង្រ្គាមស៊ីវិល ដូចអ្វីដែលប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំភូមាលោក Christine Schraner Burgener បានព្រមានទុក។
បើទោះបីជាសង្គ្រាមស៊ីវិលអាចនឹងកើតមានឡើងមែន ក៏វាមិនប្រាកដថាក្រុមឧទ្ធាមប្រដាប់អាវុធជនជាតិភាគតិច និងពលរដ្ឋភូមាអាចច្បាំងយកឈ្នះរបបសឹកបាននោះដែរ។ គេត្រូវដឹងថា ចាប់តាំងពីភូមាទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨មក មានក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន តែងតែបះបោរប្រឆាំងនឹងរបបសឹកភូមាដើម្បីផ្តាច់ដឹកដី តែជារឿយៗពួកយោធារតែបង្រ្កាបពួកគេយ៉ាងចាស់ដៃ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកយោធាបានវាយបង្រ្កាបពួកទ័យព្រៃទាំងនោះសឹងតែរាបដូចកន្ទេល។
មួយវិញទៀតនោះ ក្រុមបាតុករសុទ្ធសឹងជាប្រជាពលរដ្ឋធម្មតាគ្មានជំនាញក្នុងការប្រយុទ្ធ និងគ្មានអាវុធនៅក្នុងដៃច្រើនតាមត្រូវការឡើយ ហើយក៏មិនប្រាកដថា ពួកគេនឹងអាចទទួលបានសភាវុធពីបរទេសឡើយក្នុងរយៈពេលខ្លីខាងមុខនេះ។ ក្នុងបរិបទបែបនេះ ការយកជ័យជម្នះទៅលើពួកយោធាជារឿងពិបាកនិងស្មុគស្មាញ។ ស្មុគស្មាញនៅត្រង់ថា បើប្រសិនបើក្រុមពលរដ្ឋភូមានិងក្រុមទ័ពព្រៃជនជាតិភាគតិចអាចច្បាំងឈ្នះពួកយោធាមែន ក៏មិនប្រាកដថា ជម្លោះនយោបាយក្នុងភូមាអាចបញ្ចប់បាននោះទេ។ បន្ទាប់ពីអាចនឹងទទួលបានឈ្នះលើពួកយោធា ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចទាំងនោះ អាចនឹងធ្វើការផ្តាច់ទឹកដីបង្កើតរដ្ឋឯករាជ្យថ្មីរបស់ពួកគេចេញពីភូមា ឫក៏មានការច្បាំរវាងក្រុមទ័ពព្រៃនៃជនជាតិមួយ និងក្រុមទ័ពព្រៃជនជាតិភាគតិចដទៃទៀត ដើម្បីដណ្តើមគ្នាគ្រប់គ្រងប្រទេសភូមាទាំងមូល ដែលនេះអាចជាហេតុទាញទម្លាក់ភូមាទៅក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត។ ដូច្នេះ សេណារីយ៉ូទី៣ ហាក់ដូចជាមិនមានពន្លឺឡើយក្នុងដំណោះស្រាយវិបត្តិភូមានៅពេលបច្ចុប្បន្ន។
ក្រឡេកទៅមើលសេណារីយ៉ូទី៤វិញ តើវាយ៉ាងណាដែរ? នៅក្នុងសេណារីយ៉ូមួយនេះ ដំណោះស្រាយអាចកើតមានបាន ល្គឹកណាតែមានការធ្វើអន្តរាគមន៍យោធាពីបរទេសក្នុងគោលដៅរំលំរបបយោធាភូមា។ វាដូចករណីរសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ាក់ ផ្លួលរំលំរបបសាដាម ហ៊ូសេន នៅឆ្នាំ២០០៣ ឫដើម្បីបញ្ឈប់ការកាប់សម្លាប់ប្រជាពលរដ្ឋភូមាបន្តទៀតពីសំណាក់ពួកយោធា ដូចដែលបារាំងដឹកនាំកងទ័ពសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍យោធានៅលីប៊ីនៅឆ្នាំ២០១១ ដើម្បរារាំងកងទ័ពលីប៊ីពីការសម្លាប់រង្គាលប្រជាជន។
ប៉ុន្តែ ក្នុងករណីភូមា ការធ្វើអន្តរគមន៍យោធាពីសំណាក់បរទេសពិសេសពីសហរដ្ឋអាមេរិក ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាពិបាកនឹងកើតមានឡើងណាស់។ ហេតុអ្វី? គេត្រូវដឹងថា ស្ថិតនៅក្នុងស្ថានភាពនៃការប្រកួត ប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចអាមេរិកនិងចិន វាមិនមានភាពងាយស្រួលនោះទេសម្រាប់អាមេរិកដើម្បីលើកទ័ពមកអន្តរគមន៍នៅភូមា ដ្បិតភូមាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាដែនឥទ្ធិពលរបស់ចិន។
មួយវិញទៀត ភូមាមានព្រំប្រទល់នៅជាប់ជាមួយចិន ដូច្នេះ ចង់មិនចង់ ចិនប្រាកដជាមិនអនុញ្ញាតអោយមានវត្តកងទ័ពបរទេសជាពិសេសអាមេរិកមកធ្វើផ្គរធ្វើភ្លៀងនៅក្បែរផ្ទះរបស់ខ្លួននោះឡើយ។ នេះគេមិនទាន់និយាយពីបញ្ហាផ្ទៃក្នុងរបស់អាមេរិកដែលជាផលវិបាកសម្រាប់ការសម្រេចចិត្ត ដូចជាបញ្ហាវិបត្តិកូវីត-១៩ និងក៏ដូចជាបញ្ហាសង្គមសេដ្ឋកិច្ចមួយចំនួនទៀតផងដែរ។ ក្រៅពីចិន រុស្សីក៏ជាឧបគ្គសសម្រាប់អាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅភូមាដែរ។ ជាក់ស្តែង ខណៈពេលដែលមេដឹកនាំយោធានៃបណ្ដាប្រទេសលោកសេរីជាច្រើន បានផ្កោលទោសការប្រើអំពើហិង្សារបស់យោធាភូមាទៅលើប្រជាជន អនុរដ្ឋមន្រ្តីការពារជាតិរបស់រុស្សីលោក Alexander Fomin បានជួបពិភាក្សាជាមួយមេដឹកនាំយោធាភូមាលោក Min Aung Hlaing ដើម្បីលើកកម្ពស់និងរឹតចំណងមិត្តភាពយោធារវាងប្រទេសទាំងពីរ។ នេះសរបញ្ជាក់ឲ្យឃើញថា រុស្សីកំពុងគាំទ្ររបបសឹកភូមា ដែលអាចជាឆ្អឹងទទឹងកសម្រាប់អាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅភូមា។
មួយវិញទៀត ការធ្វើអន្តរាគមន៍យោធានៅភូមាស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចមិនសង្ឃឹមដែរ ដ្បិតចិននិងរុស្សីដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងមិនបោះឆ្នោតគាំទ្រការប្រើកម្លាំងទ័ពនៅភូមាឡើយ។
ជាក់ស្តែង ចិននិងរុស្សីបានបដិសេធនូវសេចក្តីសម្រចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិសម្រាប់ធ្វើការផ្កោលទោសលើការធ្វើរដ្ឋប្រហារយោធាភូមា និងរារាំងសកម្មភាពរបស់អង្គការសហប្រជាជាតិការដាក់ទណ្ឌកម្មទៅលើភូមារូចមកហើយ។ ដូច្នេះ ដំណោះស្រាយក្នុងសេណារីយ៉ូទី៤ ក៏ហាក់ដូចជាពិបាកនឹងកើតមានឡើងណាស់ដែរ។
ឥឡូវនេះ យើងសាកងាកទៅមើលសេណរីយ៉ូចុងក្រោយវិញ។ នៅក្នុងសេណារីយ៉ូទី៥នេះ ដំណោះស្រាយលើវិបត្តិនយោបាយនៅភូមាអាចកើតមាន លុះត្រាតែមានការចរចារនយោបាយរវាងពួកយោធា និងក្រុមរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្រោមការសម្រួបសម្រួលពីសហគមអន្តរជាតិជាពិសេសនោះអាស៊ាន។
ប៉ុន្តែ សំណួរដែលត្រូវចោទសួរបន្ទាប់ទៀតនោះគឺ តើអ្វីទៅដែលជាកត្តាដែលអាចនាំឲ្យពួកយោធាបើកផ្លូវឲ្យមានការចរចារនយោបាយជាមួយពួកអ្នកនយោបាយក្រុមលោកស្រី អ៊ុងសាន ស៊ូជី? សម្ពាធកើតឡើងតាមការតវ៉ារបស់ប្រជាជន និងទណ្ឌកម្មរបស់សហគមអន្តរជាតិ?
កត្តាទាំងនេះហាក់ដូចជាមិនសូវមានឥទ្ធិពលទៅក្រុមយោធាឲ្យបន្ទន់ចិត្តបើកផ្លូវចរចារមួយនោះឡើយនៅក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។ នេះក៏ដូចជាអ្វីដែលខ្ញុំបានលើមកពន្យល់នៅក្នុងសេណារីយ៉ូទី១ រួចមកហើយដែរ។ ម្យ៉ាងប្រទេសសមាជិកអាស៊ាន និងអាស៊ានទាំងមូល ហាក់ដូចជាមិនមានឥទ្ធិពលខ្លាំងក្លាណាឡើយសម្រាប់ដាក់គំនាបឲ្យពួកយោធាវិលមកតុចរចារបានឡើយដែរនៅក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។ នៅក្នុងទិដ្ឋភាពជាក់ស្តែងនិយមនាពេលនេះ អ្វីដែលអាស៊ានអាចធ្វើបានមានត្រឹមតែការបើកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៅភូមានិងចេញសេក្តីថ្លែងការណ៍តែប៉ុណ្ណោះ។ នេះក៏ដូចអ្វីដែលអតីតមន្ត្រីការទូតសិង្ហបុរីលោក Bilahari Kausikan ធ្លាប់បានលើកឡើងដែរ។ ដូច្នេះ ក្នុងសេណារីយ៉ូទី៥ហាក់មិនអាចមានផ្លូវសមស្រមណាមួយឡើយ សម្រាប់បិទបញ្ហានយោបាយនៅភូមាក្នុងរយៈពេលខ្លីនិងមធ្យម តាមរយៈការចរចារនយោបាយ។
ចុះបើសេណារីយ៉ូខាងលើត្រូវបានលើកឡើងខាងលើ សុទ្ធតែពិបាកក្នុងការឈានទៅរកដំណោះស្រាយវិបត្តិនយោបាយនេះមែន ចុះអ្វីទៅជាអនាគតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ? គេត្រូវទទួលស្គាល់ការពិតថា នៅពេលនេះគ្មានអ្នកណាមួយដឹងជាក់ច្បាស់ថាវិបត្តនយោបាយនៅភូមានេះនឹងបញ្ចប់នៅពេលណា និង តាមរយៈមធ្យោបាយអ្វីនោះឡើយ។
វិបត្តនយោបាយមួយនេះ ជាបញ្ហាស្មុគស្មាញខ្លាំង ដែលមិនចេះតែអាចដោះស្រាយតាមរយៈការស្មានដោយងាយៗនោះឡើយ។ ផ្អែកតាមទិដ្ឋភាពបច្ចុច្បន្ន អនាគតប្រទេសភូមាកំពុងឈរនៅមាត់ជ្រោះនៃសោកនាដកម្មនយោបាយមួយដ៏ធ្ងន់ធ្ងរ ពិបាករកកោះរកត្រើយសម្រាប់ហែលឆ្លងរលកព្យុះនៃឧបសគ្គនយោបាយនេះណាស់។ ក៏ប៉ុន្តែក្នុងរយៈពេលវែង សេណារីយ៉ូចុងក្រោយតាមរយៈការចរចានយោបាយ អាចនឹងងាយកើតមានឡើងជាងគេ ពេលណាមានខិតខំប្រឹងចូលរួមចរចារដោះស្រាយជាបន្តបន្ទាប់ពីសហគមនអន្តរជាតិជាពិសេសអាស៊ានជាអ្នកភូមិផងរបងជាមួយគ្នា៕
វណ្ណ ប៊ុនណា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Jamia Millia Islamia ប្រទេសឥណ្ឌា និងជាអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព។
អត្ថបទនេះត្រូវបានចុះផ្សាយដំបូងដោយសារពត៌មានថ្មីៗ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។
No comments:
Post a Comment